[KM] អ្នកទាំង ៣៨ ដែលបដិសេធមិនព្រមចាកចេញ៖ តើកសិករខ្មែរប្រើប្រាស់ច្បាប់ដើម្បីការពារដីធ្លីរបស់ពួកគេដោយរបៀបណា

ប្រជាកសិករមកពីភូមិតានី បានរួមគ្នាឈរក្រោមពន្លឺថ្ងៃដ៏ក្តៅ ដើម្បីបញ្ឈប់អាជ្ញាធរ ដែលព្យាយាមដណ្ដើមយកដីធ្លីរបស់ពួកគេ។ ពួកគាត់បានអាស្រ័យផលលើដីនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះពួកគាត់កំពុងតស៊ូដើម្បីរក្សាដីនេះទុកបន្តទៀត។ នេះគឺជារឿងរ៉ាវរបស់គ្រួសារកសិករចំនួន ៣៨គ្រួសារ ដែលមិនបានបោះបង់ការតស៊ូ ហើយការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន បានជួយឱ្យពួកគាត់ទទួលបានជ័យជម្នះក្នុងការតស៊ូមតិមួយដែលហាក់ដូចជាមិនអាចទៅរួច។

ដកស្រង់ពីកាសែតក្នុងស្រុក៖ អ្នកភូមិជិត ១០០នាក់ មកពី ៣៨គ្រួសារក្នុងខេត្តសៀមរាប បានបោះតង់នៅលើដីកសិកម្មរបស់ពួកគាត់អស់រយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ក្នុងអំឡុងពេលនៃការប្រឈមមុខដាក់គ្នាជាមួយអាជ្ញាធរអប្សរា។ ជម្លោះនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ រហូតត្រូវបានដោះស្រាយនៅខែមេសា ឆ្នាំ២០១៤ ទៅលើដីទំហំ ១៦១ហិកតា។

ការចាប់ផ្តើមនៃបញ្ហា

នៅឆ្នាំ២០០៥ អាជ្ញាធរជាតិដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (ហៅកាត់ថា អាជ្ញាធរជាតិអប្សរា) ដែលទទួលខុសត្រូវលើការគ្រប់គ្រង និងការពារឧទ្យានបុរាណវិទ្យាអង្គរ បានព្យាយាមបណ្តេញប្រជាពលរដ្ឋចំនួន ៣៨គ្រួសារនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អាជ្ញាធរជាតិអប្សរាបានអះអាងថា ដីនោះ គឺជាផ្នែកមួយនៃរមណីយដ្ឋានអង្គរដែលត្រូវបានការពារដោយអង្គការយូណេស្កូ (UNESCO)។

នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាបានផ្តល់សំណងដល់គ្រួសារទាំងនោះត្រឹមតែ ៥០០-៧០០ ដុល្លារក្នុងមួយឡូត៍ ដែលជាតម្លៃទាបជាងតម្លៃដីជាក់ស្តែងឆ្ងាយណាស់។ គ្រួសារទាំងនោះបានបដិសេធ។ ពួកគាត់មិនចង់បានសំណងជាសាច់ប្រាក់ទេ ប៉ុន្តែពួកគាត់ចង់បានដីធ្លីជំនួសនៅក្បែរនោះវិញ។

អាជ្ញាធរជាតិអប្សរាបានព្យាយាម ដោយផ្តល់សំណងដល់តែ ១៣គ្រួសារ ប៉ុន្តែសហគមន៍ទាំងមូលបានឈរ​យ៉ាងរឹងមាំ។ គ្រួសារទាំង ១៣ បានបដិសេធសំណងនោះ ដោយមានជំហរ​ថា គ្រួសារទាំង៣៨ ត្រូវតែទទួលបានការ​ដោះស្រាយ​រួមគ្នា។

មេដឹកនាំម្នាក់បានចេញមុខ

រូបថត៖ លោក ហួន រ៉ាវុធ តំណាងដ៏ឆ្នើមរបស់គ្រួសារទាំង ៣៨

តាំងពីដើមដំបូងមក លោក ហួន រ៉ាវុធ រួមជាមួយអ្នកផ្សេងទៀត ៦នាក់ បានលេចមុខជាមេដឹកនាំដ៏រឹងមាំម្នាក់។ លោក រ៉ាវុធ គឺជាកសិករម្នាក់មកពីភូមិតានី។ មុនពេលមានបញ្ហា លោក និងអ្នកភូមិផ្សេងទៀតរស់នៅដោយសប្បាយរីករាយ ដាំស្រូវ និងដំណាំផ្សេងៗ ទៀតនៅលើដីឡូត៍ធំៗ របស់ពួកគាត់។

នៅពេលជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើម លោកបានក្លាយជាមេដឹកនាំដ៏រឹងមាំម្នាក់។ លោកជឿជាក់លើភាពយុត្តិធម៌ ហើយបានជួយសហគមន៍របស់លោកក្នុងការតស៊ូដើម្បីសិទ្ធិដីធ្លីរបស់ពួកគាត់។ លោកក៏បានក្លាយជាគ្រូបង្រៀនម្នាក់ ដោយចែករំលែកនូវអ្វីដែលលោកបានរៀនអំពីច្បាប់ទៅកាន់អ្នកជិតខាងរបស់លោក។ លោកបានចេញមុខធ្វើជាមេដឹកនាំ ពីព្រោះលោកចង់ជួយអ្នកដទៃឱ្យទទួលបានចំណេះដឹង និងជំនាញសំខាន់ៗ។

ដោយមានយុត្តិធម៌ក្នុងចិត្ត លោកបានប្រកាសថា «យើងមិនត្រូវបណ្តោយឱ្យនរណាម្នាក់ជិះជាន់យើងបានទេ»

លោកបានដឹកនាំការតវ៉ាដោយសន្តិវិធី ដើម្បីរារាំងអាជ្ញាធរជាតិអប្សរាមិនឱ្យឈូសឆាយដីស្រែចម្ការរបស់ពួកគាត់។

នៅឆ្នាំ២០១១ អាជ្ញាធរជាតិអប្សរាបានចោទប្រកាន់លោក រ៉ាវុធ និងតំណាងទាំងប្រាំមួយនាក់ផ្សេងទៀតពីបទកាន់កាប់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។ ដោយភ័យខ្លាចការចាប់ខ្លួន លោក រ៉ាវុធ បានស្វែងរកជំនួយពីមេធាវីនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ ជាមួយនឹងការការពារផ្លូវច្បាប់ពី CLEC ក្រុមរបស់លោកបានចៀសផុតពីការឃុំខ្លួន ហើយការចោទប្រកាន់ត្រូវបានទម្លាក់ចោលនៅពេលក្រោយ។

រៀនតបតវិញដោយប្រើច្បាប់

CLEC ដែលជាអង្គការពង្រឹងអំណាចផ្នែកច្បាប់ បានចាប់ផ្តើមធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍។ នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២៤ ពួកគេបានបណ្តុះបណ្តាលលោក រ៉ាវុធ និងអ្នកជិតខាងរបស់លោកឱ្យយល់ដឹង និងប្រើប្រាស់ច្បាប់។ ដោយមានជំនួយពីក្រុមអ្នកច្បាប់របស់ CLEC ប្រជាកសិករបានរៀនអំពីសិទ្ធិរបស់ពួកគាត់ក្រោមច្បាប់ភូមិបាលឆ្នាំ២០០១ របស់កម្ពុជា និងរបៀបដោះស្រាយដំណើរការទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។ ជាក់ស្តែង លោក រ៉ាវុធ បានចូលរួមវគ្គបណ្តុះបណ្តាលយ៉ាងហោចណាស់ដប់លើក។

លោក រ៉ាវុធ បានរៀបចំការប្រារព្ធទិវាសិទ្ធិមនុស្សនៅក្នុងភូមិរបស់គាត់កាលពីឆ្នាំ២០២៣។

CLEC ក៏បានជួយពួកគាត់ក្នុងការព្រាងលិខិតផ្លូវការ ដាក់ពាក្យបណ្តឹង និងធ្វើការជាមួយអាជ្ញាធរ។ លើសពីនេះទៅទៀត CLEC បានពង្រឹងការរៀបចំសហគមន៍ ដោយជួយប្រជាកសិកររៀបចំកិច្ចប្រជុំ បង្កើតផែនការសកម្មភាព និងភ្ជាប់ទំនាក់ទំនងជាមួយសកម្មជនមកពីខេត្តផ្សេងៗទៀត។ ការងារនេះបានពង្រឹងសាមគ្គីភាពរបស់ពួកគាត់ ដែលជាគន្លឹះក្នុងការបញ្ឈប់ការប៉ុនប៉ងឈូសឆាយដោយជោគ ជ័យក្នុងឆ្នាំ២០១២។

យកចំណេះដឹងទៅអនុវត្ត

វគ្គបណ្តុះបណ្តាលបានផ្លាស់ប្តូរលោក រ៉ាវុធ ឱ្យក្លាយជាទាំងមេដឹកនាំ និងជាគ្រូបង្រៀន។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនីមួយៗ លោកបានចែករំលែកមេរៀនជាមួយអ្នកជិតខាងរបស់លោក ពេលខ្លះប្រមូលផ្តុំពួកគាត់នៅឯវាលស្រែ ដើម្បីពន្យល់អំពីសិទ្ធិដីធ្លី សេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានយុត្តិធម៌។

នៅពេលដែលអាជ្ញាធរជាតិអប្សរាបានព្យាយាមឈូសឆាយដីម្តងទៀតនៅឆ្នាំ២០១២ សហគមន៍បានឆ្លើយតបដោយការតវ៉ាដោយមានរបៀបរៀបចំ។ សាមគ្គីភាពរបស់ពួកគេបានបង្ខំឱ្យអាជ្ញាធរជាតិអប្សរា ដែលធ្លាប់មិនចង់ចរចា ត្រូវមកអង្គុយចរចាជាមួយគ្រួសារ ៣៨ គ្រួសារ។

លោក រ៉ាវុធ កាន់តែមានទំនុកចិត្តក្នុងការចរចា។ លោកបានប្រាប់មេធាវីរបស់អាជ្ញាធរជាតិអប្សរាថា៖ «ពួកយើងបានរស់នៅលើដីនេះតាំងពីកើតមក។ ពួកយើងមានសិទ្ធិរស់នៅ និងធ្វើស្រែចម្ការលើដីរបស់យើងក្រោមច្បាប់ភូមិបាលឆ្នាំ ២០០១»។ដោយមានការស្រឡាញ់ចំពោះការគាំទ្រពី CLEC លោក រ៉ាវុធ បានរំលឹកនៅពេលក្រោយថា៖ «CLEC ដូចជាព្រះសម្រាប់សហគមន៍របស់ខ្ញុំ។ ប្រសិនបើគ្មានពួកគេ ដីរបស់យើងនឹងបាត់បង់»។

រូបថត៖ នៅក្នុងវគ្គចែករំលែកបទពិសោធន៍នៅភូមិតានី រវាងសហគមន៍បឹងកក់ និងបុរីកីឡាដែលមកពីភ្នំពេញ លោក រ៉ាវុធ បានរៀបរាប់អំពីដំណើររឿងនៃជម្លោះ និងតស៊ូរបស់គាត់។

ជ័យជម្នះដ៏ធំសម្រាប់សហគមន៍

បន្ទាប់ពីការតស៊ូជិត ២០ឆ្នាំ គ្រួសារទាំងនោះបានទទួលជ័យជម្នះនៅខែមេសា ឆ្នាំ២០២៤។ គ្រួសារ ៣៨គ្រួសារ បានទទួលដំណោះស្រាយយ៉ាងយុត្តិធម៌ ដែលសមស្របនឹងតម្រូវការរបស់ពួកគេ។ គ្រួសារ ៧គ្រួសារ ទទួលបានប្រាក់ ១,៥០០ ដុល្លារ សម្រាប់ដីមួយហិកតា។ គ្រួសារ ៤គ្រួសារ ទទួលបានដីថ្មីនៅក្រៅតំបន់អភិវឌ្ឍន៍ ដែលមានទំហំចាប់ពី ៣.៥ ដល់ ១០ ហិកតា សម្រាប់មួយគ្រួសារ។ គ្រួសារ ២៧ គ្រួសារ ទទួលបានដីឡូត៍ចំនួន ១៣៨ ឡូត៍ នៅក្នុងតំបន់អភិវឌ្ឍន៍ ដែលមានទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ សម្រាប់មួយឡូត៍។ ដីឡូត៍ទាំងនេះមានតម្លៃចាប់ពី ៨,០០០ ដុល្លារ ដល់ ២៥,០០០ ដុល្លារ ដែលខ្ពស់ជាងតម្លៃដីស្រែចាស់របស់ពួកគេ។

នៅដំណាក់កាលដំបូង លោក រ៉ាវុធ មិនជឿថាពួកគេអាចឈ្នះ ឬទទួលបានសំណងទេ។ លោកមានអារម្មណ៍ថាវាដូចជា «ពងមាន់ជល់នឹងថ្ម» ដោយអាជ្ញាធរជាតិអប្សរាជាអង្គភាពរដ្ឋដ៏ខ្លាំង (ថ្ម) ខណៈសហគមន៍ជាពងមាន់ដែលខ្សោយ។ ប៉ុន្តែចុងក្រោយ សហគមន៍បានឈ្នះ!

រឿងនេះកើតឡើងដោយសារសមាជិកសហគមន៍ភាគច្រើនយល់ដឹងអំពីសិទ្ធិរបស់ខ្លួន និងមានចំណេះដឹងផ្នែកច្បាប់សំខាន់ៗ ដោយមានមេដឹកនាំកសិករជាអ្នកដឹកនាំ។ ការមានចំណេះដឹងផ្នែកច្បាប់ជួយពួកគេពីរបៀប៖ វាជួយការពារសហគមន៍ពីបញ្ហា និងធានាថាពួកគេមិនបាត់បង់អ្វីដែលជាកម្មសិទ្ធិរបស់ពួកគេ។

លោក រ៉ាវុធ បាននិយាយថា៖ «ប្រសិនបើសមាជិកសហគមន៍ និងមេដឹកនាំមិនមានចំណេះដឹងផ្នែកច្បាប់ទេ ពួកគេនឹងប្រឈមមុខនឹងហានិភ័យ និងបញ្ហា ហើយពួកគេនឹងបាត់បង់អត្ថប្រយោជន៍របស់ពួកគេ»។ លោកក៏បាននិយាយថា លោកមានសុភមង្គលដែលសំណុំរឿងនេះបានបញ្ចប់ដោយការទទួលបានសំណង ហើយឥឡូវនេះពួកគេមានពេលវេលាធ្វើការ និងរកប្រាក់សម្រាប់គ្រួសាររបស់ពួកគេ ហើយពួកគេក៏មិនមានការព្រួយបារម្ភទៀតឡើយ។


អំពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) គឺជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលមានចក្ខុវិស័យ ចង់ឃើញប្រជាជនកម្ពុជារស់នៅក្នុងសង្គមមួយក្រោមនីតិរដ្ឋ ប្រកបដោយសន្តិភាព និងសុខដុមរមនា។ CLEC បាន និងកំពុងតែធ្វើការងារ ដើម្បីលើកកម្ពស់នីតិរដ្ឋ សិទ្ធិទទួលបានយុត្តិធម៌ និងការពង្រឹងសិទ្ធិអំណាចផ្នែកច្បាប់ដល់សហគមន៍មូលដ្ឋាន ដោយមានការផ្តល់ជំនួយផ្នែកច្បាប់ មានផ្ដល់សេវាកម្មមេធាវី ប្រឹក្សាយោបល់ផ្នែកច្បាប់ និងការគាំទ្រផ្នែកតស៊ូមតិដល់សហគមន៍មូលដ្ឋាន ដែលជាប្រយោជន៍សាធារណៈ។ អង្គការនេះផ្តោតជាពិសេសលើជនជាតិដើមភាគតិច ស្ត្រី និងយុវជន និងសហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លី អយុត្តិធម៌ផ្នែកបរិស្ថាន និងការរំលោភសិទ្ធិមនុស្ស។ សកម្មភាពស្នូលរួមមានការបណ្តុះបណ្តាលទីប្រឹក្សាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ការផ្តល់ការពង្រឹងផ្នែកច្បាប់ និងចងក្រងឯកសារ និងការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចូលរួមក្នុងការតស៊ូមតិផ្នែកគោលនយោបាយទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ កម្មវិធីរបស់ CLEC ដូចជា កម្មវិធីពង្រឹងអំណាចផ្នែកច្បាប់ (LEP) និងកម្មវិធីការទទួលបានយុត្តិធម៌ (AJP) មានគោលបំណងបង្កើនការចូលរួម និងសមត្ថភាពរបស់សហគមន៍ក្នុងការធានាសុវត្ថិភាពដីធ្លី និងធនធានធម្មជាតិ (LNR) និងការទទួលបាននូវដំណោះស្រាយវិវាទដោយយុត្តិធម៌។ អង្គការនេះសហការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន អាជ្ញាធររដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចបាននូវបេសកកម្មរបស់ខ្លួន។

Tags:

You May Also Like

[BUR] တိတ်ဆိတ်နေသံများကို ချိုးဖျက်ခြင်း – သဘာဝဘေးသင့် လူထုရဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်း

[BUR] တိတ်ဆိတ်နေသံများကို ချိုးဖျက်ခြင်း – သဘာဝဘေးသင့် လူထုရဲ့ မမြင်နိုင်တဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်း

အရေးပေါ်  ကယ်ဆယ်ရေးကို ကျော်လွန်၍  ၂၀၂၅ ခုနှစ် အစောပိုင်းကာလများမှာ မြန်မာနိုင်ငံဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရကာ...

[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว

[TH] จากผู้หนีภัยการสู้รบสู่ผู้พิทักษ์สิทธิ: เมื่ออาสาสมัครกฎหมายชุมชนกลายเป็นกระบอกเสียงแห่งความยุติธรรมในพื้นที่พักพิงชั่วคราว

เป็นเวลาร่วมสี่ทศวรรษแล้วที่ประเทศไทยได้ให้การคุ้มครองแก่ผู้คนที่ต้องหนีภัยการสู้รบและความไม่สงบยืดเยื้อในเมียนมา...